កំនាព្យផ្សេងៗ
«កំនាព្យដាស់តឿន!»
កិច្ចសិក្សា ត្រូវទុកថា ជាទីមួយ
ខំបោះពួយ គឺប្រឹងប្រែង ឲ្យណាស់ណា
កុំជ្រមុល ពុលជ្រមុច ជុចស្នេហា
ខំសិក្សា ឲ្យចប់សិន សឹមណេះណោះ។
ស្រីមិនខ្វះ ប្រុសមិនក្រ ល្អគរគោក
ក្បាលរងោក នៅរងល់ មិនក្រសោះ
ចាំទទួល អ្នកចេះដឹង ប្រឹងរៀននោះ
ដោយស្ម័គ្រស្មោះ អស់ពីពោះ ពិតមិនខាន។
បើរវល់ ខ្វល់និងរឿង ស្នេហាវិញ
មិនបំពេញ ខាងចំណេះ ឲ្យចំណាន
ក្រវិជ្ជា ដូចជាក្រ អ្វីគ្រប់ឋាន
ចូរប្រុងប្រាណ ហើយប្រឹងប្រែង សិក្សាអើយ! ៕
******
ឱ! ម៉ែឪ ខំធ្វើស្រែ ថែចំការ
ហាលសូរយា ញើសតាងទឹក នឿយហត់ណាស់
ហាលភ្លៀងខ្យល់ លុយកប់ភក់ ទាំងវ័យចាស់
ខំរកកាស មាសប្រាក់លុយ សោហ៊ុយកូន។
ឲ្យបានរៀន មានចំណេះ ចេះដូចគេ
គួររិះរេ ខំប្រឹងរៀន ណា៎នាង,អូន!
អាណិតម៉ែ អាសូរឪ ចង់សណ្ដូន
សណ្ដោងកូន ឲ្យខ្ពង់ខ្ពស់ រស់ប្រសើរ។
******
អ្នកបានចេះ ចំណេះអ្វី គំនិតអ្វី
នាំដាលដុះ ផុះរស្មី កើតបញ្ញា
ទោះច្រើនតិច ពីលោកគ្រូ, សៀវភៅណា
ត្រូវដឹងថា គ្រូអាចារ្យ, សៀវភៅនោះ ។
មានគុណគាប់ គួរនឹកគុណ គោរពគុណ
កុំភ្លើតភ្លើន ភ្លេចអ្នកមុន មានគុណខ្ពស់
កុំធ្វើជា សត្វក្រពើ ខ្លាឲ្យសោះ
ក្រែងមានឈ្មោះ ថា«ក្រពើ វង្វេងបឹង»៕
និពន្ធដោយលោកឱម ណាគ្រី, អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥
កំនាព្យនេះខ្ញុំបានទទួលពីបងកូនខ្មែរ-បារាំងដែលជាកាដូរបស់គាត់ចំពោះថ្ងៃខួបខ្ញុំ!
បើចង់ជ្រាបច្បាស់ជាងនេះបងៗអាចរកទិញសៀវភៅអានបន្ថែមបាន!

Good poems!!
អ្នកដែលចេះ ចំណេះច្រើន កើនបញ្ញា ចេះរក្សា កាយវាចា ចិត្តប្រពៃ បែងរំលែក ចែកប្រយោជន៍ អ្នកដទៃ ឲ្យរួចភ័យ ចង្រៃគ្រោះ ឈ្មោះបណ្ឌិត។ មានចំណេះ ចេះជំនាញ ស្ទាញចំណាប់ គ្មានសណ្ដាប់ ច្បាប់សន្ដោស នៅក្នុងចិត្ត ធ្វើកលកិច្ច ល្បិចឧបាយ ទុច្ចរិត ដូចនេះពិត ហៅពាលោ ចោរធំអើយ ៕
ឱម ណាគ្រី, អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥, ទំ. ១០៣
សិក្សាសិន ឲ្យឆ្អិនឆ្អៅ ជ្រៅទូលាយ ឲ្យឃើញជាយ ចុងជ្រុងដើម បែបយ៉ាងណា កុំក្អេងក្អាង ដុចកូនក្អាត់ ឥតបានការ ត្រូវសិក្សា ឲ្យយល់សិន សឹមនិយាយ។
ឱម ណាគ្រី, អត្ថាធិប្បាយទសជាតក៍, ភ្នំពេញ ១៩៦៥, ទំព័រ ១៨២
កើតក្នុងលោកទោះប្រុសឬស្រី
លើវិថីនៃជីវិតជាដំបូងត្រូវខំខិតស្វែងចំណេះ
ទើបវាសនាបានត្រចេះលើលោកីយ៍។
សួស្តីបាទ
សូមធ្វើការទិទានៈ ពាក្យកំណាព្យ មិនសរសេរ ” កំនាព្យ” នឺង អក្សរ “ន”
ដូច្នេះទេ សូមមេត្តារក្សាភាពដើមនៃពាក្យ ឲ្យត្រូវដូចក្នុងវចនានុក្រមរបស់
សម្ដេចសង្ឃរាជជួន ណាត ។ ប្រសិនបើដោយអចេតនា សូមអធ្យាស្រ័យ
ផង ៕
សូមអរគុណ
ចំពោះកំណាព្យទីមួយ “ក្បាលរងោក” ហាក់ដូចបន្ថយអត្ថន័យរបស់កំណាព្យ
គួរណាស់តែរកពាក្យថ្មីមួយណាមកជំនួសទើបអត្ថបទកំណាព្យនេះមានតម្លៃ
ស្រស់បំព្រង ៕
សូមអាធ្យាស្រ័យ